(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ នៅអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បំពាក់គ្រឿងឥស្សរិយយស ក្រុមអ្នកជំនាញឯកទេសចិន ដែលចប់អាណត្តិបេសកកម្ម នៅវិទ្យាស្ថានកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរសាទរ និងអរគុណ ចំពោះក្រុមអ្នកជំនាញឯកទេសចិន ដែលបានរួមចំណែកធំធេងក្នុងការបង្កើត ឡើងនូវសមិទ្ធផលនានា នៅវិទ្យាស្ថានទ័ពជើងគោក ក្នុងកងយោធពលខេមរភូមិន្ទសម្រាប់បន្តវេន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ថវិកា ដល់កម្ពុជាដោយបានចាត់ទុកការជួយ ឧបត្ថម្ភនេះ ជាការបង្ហាញពីកិច្ចសហការជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នា៕