ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៤ គឺជាមន្រ្តីជួរមុខ អ្នកដែលធ្វើការជួរមុខ ដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា យើងមានវ៉ាក់សាំងប្រភេទ Pfizer ចំនួនជាង២លាន៣សែនដូស ប៉ុន្តែអាចប្រើត្រឹមតែប្រហែលជា៧០ម៉ឺនដូសអាចគ្រប់គ្រាន់ហើយសម្រាប់ការចាក់ជូន ទាំងនគរបាល ទាំងអាវុធហត្ថ ទាំងមន្រ្តីរាជការ ទាំងកីឡាករ កីឡាការិនី ពិធីករ ពិធីការិនី ខាងអ្នកយកព័ត៌មាន ឬក្រុមសិល្បៈ ព្រោះថាអ្នកទាំងអស់នោះសុទ្ធតែជាអ្នកចូលទៅក្នុងក្របខណ្ឌហានិភ័យខ្ពស់៕