នៅថ្ងៃច័ន្ទ ទី៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គ្រប់ខេត្តណា ដែលបានជំពាក់លុយក្រុមហ៊ុន លី ឈួង ត្រូវទូទាត់សងវិញក្នុងរយៈពេល ២០ឆ្នាំ ដោយប្រើថវិការបស់រដ្ឋបាលខេត្តផ្ទាល់ ហើយរាល់គម្រោងទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ហើយពុំទាន់អនុវត្តគម្រោងនៅឡើយ ត្រូវលុបចេញវិញភ្លាម។ នេះជាអំពើពុករលួយមួយ ដោយការឃុបឃិតគ្នាធ្វើមុន ហើយសុំលុយរាជរដ្ឋាភិបាលទូទាត់តាមក្រោយ ដែលជាបន្ទុកចំណាយ និងបំណុលដ៏ធំរបស់រាជរដ្ឋាភិបាល»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕