កំពង់ស្ពឺៈ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៏មួយ រវាងរថយន្ត និង រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយ មនុស្សម្នាក់ ស្លាប់ភ្លាមៗ និង ប្រាំនាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3F9021 សណ្តោង សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A4478 អ្នកបើកបរ បើកបរមកពីទិសខាងលិច ទៅទិសខាងកើត ដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿង ម៉ាក LEXUS570 ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-2727 បើកបរដោយឈ្មោះ កែវ ណារឹទ្ធ ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរចំនួន ប្រាំ នាក់ (ស្រីបីនាក់ ប្រុសពីរនាក់) ដែលបើកបរបញ្ច្រាស ទិសគ្នា។
ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានមន្ត្រីនគរបាលជំនាញ ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ។ ចំពោះវត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕