វ៉ាក់សាំងជំរុញរបស់ក្រុមហ៊ុន Moderna គួរតែផ្តល់ការការពារខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងខ្លួនអូមីក្រុង នេះយោងតាមលទ្ធផលមន្ទីរពិសោធន៍ដែលបានចេញផ្សាយដោយក្រុមហ៊ុនកាលពីថ្ងៃចន្ទទី២០ធ្នូ។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តិ៍មេរោគបំប្លែងថ្មីនេះទល់នឹងឈាមរបស់មនុស្សដែលបានចាក់វ៉ាក់សាំង Moderna បីដូស និងវាស់កម្រិតអង្គបដិប្រាណរបស់វា។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ដូសទីបីបានបង្កើនកម្រិតអង្គបដិប្រាណបន្សាបមេរោគអូមីក្រុងប្រហែល ៣៧ ដងធៀបទៅនឹងការថយចុះនៃភាពស៊ាំពីការចាក់ពីរដូស។
ការសិក្សាអំពីអង្គបដិប្រាណគឺនៅមានកម្រិត ដោយសារពួកវាវាស់ស្ទង់ទិដ្ឋភាពជាក់លាក់មួយនៃប្រព័ន្ធភាពស៊ាំ និងមិនគិតពីភាពស៊ាំនៃកោសិកា T និង Bដែលមានសារៈសំខាន់សម្រាប់ការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរប៉ុន្តែពិបាកក្នុងការវាស់វែង។
វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនកំពុងត្រូវបានប្រើប្រាស់ជាមួយនឹងវ៉ាក់សាំង Pfizerនៅក្នុងយុទ្ធនាការចាក់ដូសជំរុញទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេស។
ដំណឹងនេះកើតឡើងនៅពេលដែលចក្រភពអង់គ្លេសសម្លឹងដាក់ចេញការទប់ស្កាត់បន្ថែមទៀត ខណៈការរីករាលដាលនៃមេរោគអូមីក្រុងបានបណ្តាលឱ្យករណីឆ្លងនៅក្នុងចក្រភពអង់គ្លេសកើនឡើងដល់ ៨២.៨៨៦ នាក់កាលពីថ្ងៃសៅរ៍ ដោយកើនឡើង ៦៤,៤ ភាគរយកាលពីសប្តាហ៍មុន៕