ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៦ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ខណៈរបាយការណ៍ទន្ទ្រានបែរជាមានភាពខុសគ្នាខ្លាំង។
ក្នុងពេលគណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រាវជ្រាវការទន្ទ្រានកាន់កាប់ខុសច្បាប់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាអ្នកស្រាវជ្រាវដែលបានបញ្ជូនរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងការហួសចិត្តចំពោះរបាយការណ៍ចេញពីខេត្តមួយចំនួនជុំវិញបឹងទន្លេសាប ក្រោយពីទំហំនៃការកាប់ទន្ទ្រានបែរជាមានភាពផ្ទុយគ្នាទៅវិញ។
ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្តែងការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ ឯកឧត្តម បានទាមទារឲ្យអ្នកដែលកាន់កាប់ព្រៃលិចទឹកមានភាពស្មោះត្រង់ចំពោះប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ គិតមកទល់ពេលនេះ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ និងចាប់ខ្លួនទៅលើបុគ្គលចំនួនចំនួន៣រូប ដូចជា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ខណៈអាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបបានឃាត់ខ្លួនជាបន្តបន្ទាប់៕