នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  បានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២នាក់

(បាត់ដំបង)៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  បានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង, លោកវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត តែង គន្ធី បានពាំនាំសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជូនដល់បងប្អូនជនរួមជាតិឱ្យចូលរួមអនុវត្ត ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ដូចខាងក្រោម៖
១៖ សូមប្រជាពលរដ្ឋ, ក្មួយៗ យុវជន យុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារសហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។
២៖ ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលទាន់ពេលវេលា។
៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។
៤៖ ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
៥៖ ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
៦៖ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍, សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ ការពារ ៣ កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

ចំពោះលោកបណ្ឌិត ប៊ុត គឹមស៊ាន ក៏បានថ្លែងអំណរគុណដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដាក់ចេញនូវយុទ្ធសាស្ដ្រ ការងារជាបន្ដបន្ទាប់ រហូតទទួលបានជោគជ័យក្នុងការលើកកម្ពស់សុខភាពអ្នកផ្ទុកមេរោគអេដស៍ ពិសេសកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្ដាយ ទៅទារកក្នុងផ្ទៃ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅសូន្យបី នាឆ្នាំ២០២៥។

សូមជម្រាបថា ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ចំនួន ១៥២គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធវីឃែរ ១កេស, ភួយ១, ក្រមា១, ជែល ១ដប, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥ម៉ឺនរៀល។

ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង ១៥២គ្រួសារ បានសម្ដែងនូវទឹកចិត្ដត្រេកអរ រំភើបសប្បាយរីករាយយ៉ាងខ្លាំង ពេលបន្ដទទួលបានការយកចិត្ដទុកដាក់ មិនមានការរើសអើស ឬមើលរំលង ពីថ្នាក់ដឹកនាំ ជាពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថែមទាំងគិតគូរលើកកម្ពស់សុខុមាលភាព និងផ្ដល់អំណោយសម្រាលការលំបាកដល់ពលរដ្ឋងាយរងគ្រោះទាំងអស់។ ក្នុងឱកាសនោះ លោកយាយ ជុំ ភ័ណ្ឌ និងពលរដ្ឋងាយរងគ្រោះទាំងអស់នេះ បានថ្លែងអំណរគុណសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសចំពោះពួកគាត់ ដែលជាអ្នកផ្ទុកមេរោគអេដស៍ «យើងខ្ញុំពិតជាស្រលាញ់ និងដល់គុណអ្នកម្ដាយមនុស្សធម៌ខ្លាំងណាស់»។ លើសពីនោះ ពលរដ្ឋដែលរស់នៅស្រុករកា ខេត្ដបាត់ដំបង បានមានក្ដីសង្ឃឹម និងទន្ទឹមរង់ចាំថ្ងៃមួយ នឹងបានជួប ហើយថ្លែងអំណរគុណអ្នកម្ដាយមនុស្សធម៌ដោយផ្ទាល់ផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *