(ភ្នំពេញ)៖ បើតាមរបាយការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបាននៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍មកនេះ។ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ៩៤៩៤គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤០,៤០៩.៨៨ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋខេត្តចំនួន ៦ដែលប្រគល់ដីដែលខ្លួនបានទន្ទ្រាននេះ រួមមាន៖
* ខេត្តកំពង់ឆ្នាំង៖ មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា
* ខេត្តពោធិ៍សាត់៖ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា
* ខេត្តបាត់ដំបង៖ មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា
* ខេត្តបន្ទាយមានជ័យ៖ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា
* ខេត្តសៀមរាប៖ មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា
* ខេត្តកំពង់ធំ៖ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពិថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។
សម្តេចបានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។
មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ថ្នាក់មូលដ្ឋានពីរនាក់ត្រូវបានឃាត់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងនោះរួមមាន លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច៕