មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​សហព័ន្ធរុស្ស៊ី​​បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​លើ​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ

ភ្នំពេញៈ​ ខណៈបំពេញទស្សនកិច្ចនៅកម្ពុជា​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​សហព័ន្ធរុស្ស៊ី​​បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​លើ​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​និង​បានបញ្ជាក់​អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​នា​នា​។​

​ប្រភពបានបញ្ជាក់ថា ក្នុងជំនួប​នេះលោក​អគ្គ​មេបញ្ជាការរង​មេបញ្ជាការ​កងទ័ពជើងគោក​បាន​សម្តែង​នូវការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​កក់ក្តៅ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​សហព័ន្ធរុស្ស៊ី​នាពេលនេះ​ស្របពេល​ដែល​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិស័យ​យោធាកំពុង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុង​ស្មារតី​ភាព​មិត្ត​ភាពជា​ប្រពៃណី ព្រម​ជាមួយនឹង​ការគោរព​ជឿទុកចិត្ត​គ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​គ្រប់​កាលៈទេសៈ​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន​។ទន្ទឹមនេះលោកក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ​ចំពោះ​ការអាក់ខាន​នៃ​សកម្មភាព​សហប្រតិបត្តិ​ការ​ក្នុង​រយៈកាល​ពីរ ឆ្នាំ​កន្លងមកនេះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩។តែលោក​​សង្ឃឹមថា​ចាប់ពីពេលនេះ​តទៅ​អ្វីៗ​នឹង​អាចមាន​សន្ទុះ​ដំណើរការ​ឡើងវិញ​ស្របតាម​ទិសដៅ​ផែនការ​ដែល​បានដាក់​ចេញ​។

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​រុស្ស៊ី បាន​ថ្លែងអំណរគុណ​ចំពោះលោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​បាន​យកចិត្តទុកដាក់​លើ​ការពង្រឹងទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​។លោកបានបញ្ជាក់​អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​នា​នា ជាពិសេស​ការជួយ​ដល់​កងទ័ពជើងគោក​ក​ម្ពុ​ជា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​មុខជំនាញ​ផ្សេងៗ​។​

​ចំណែក​លោក Nikolai Patrushev លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ នៃ​សហព័ន្ធរុស្ស៊ី វិញ​បាន​សម្តែងនូវ​ការពេញចិត្ត​ចំពោះ​សក្តានុពល​ជា​វិជ្ជមាន​នៃ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ។លោក​បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត និង​ការត្រៀមខ្លួន​របស់​សហ​ព័ន្ធ​រុស្ស៊ី​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រឆាំង​ភេរវកម្ម​, សន្តិសុខ​ព័ត៌មាន​អន្តរជាតិ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​។​

Leave a Reply

Your email address will not be published. Required fields are marked *