ភ្នំពេញ៖ យុទ្ធសាស្រ្តស្តារ និងជំរុញសេដ្ឋកិច្ចថ្មី ដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ត្រឡប់ទៅដូចដើមវិញ នៅត្រឹមឆ្នាំ ២០២៤ ។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធ សាស្រ្តស្តារ និងជម្រុញកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា នាពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានចាត់វិធានការចំនួន ១០ ជុំមកហើយ ដើម្បីជួយទប់លំនឹងសេដ្ឋកិច្ច ក្នុងនោះចាប់ពីឆ្នាំ ២០២២ តទៅ ។
ឯកឧត្តម បន្តថា តាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការជម្រុញដោះស្រាយលើគ្រប់វិស័យនូវរាល់បញ្ហាប្រឈមនីមួយៗ ជាពិសេសវិស័យដែលជាកំណើនសេដ្ឋកិច្ចធំៗ, ដើម្បីជម្រុញឲ្យសម្រេចនូវកំណើនដូចដើមវិញ ក្នុងរង្វង់ប្រមាណ ៧ភាគរយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ។
ឯកឧត្តម ផាន់ ផល្លា បន្តថា ជុំវិញផែនការស្តារ និងអភិវឌ្ឍន៍សម្រាប់គម្រោងឆ្នាំ២០២២, ក្រៅពីគម្រោងបោះផ្សាយលក់មូលបត្ររបស់រដ្ឋរាជរដ្ឋាភិបាលនឹងបន្តខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១៦០០ លាន SDR ដែលកើនឡើង ១០០ លាន SDR បើធៀបឆ្នាំ ២០២១ ដើម្បីយកថវិកានេះទៅអនុវត្តហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចបន្ថែម។
ពាក់ព័ន្ធបំណុលនេះ ឯកឧត្តម បញ្ជាក់ថា បើតាមការវាយតម្លៃពី IMF, ធនាគារពិភពលោក និងស្ថាប័នវាយតម្លៃធំៗផ្សេងទៀត មកដល់ពេលនេះបំណុល ដែលរាជរដ្ឋាភិបាលខ្ចី បើធៀបទៅនឹងប្រទេសផ្សេងៗ គឺកម្ពុជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ៕