ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញជាសណ្ឋាគារផ្កាយប្រាំដែលជាការវិនិយោគរួមគ្នារវាងក្រុម ហ៊ុនក្នុងស្រុក និងវិនិយោគទុនមកពីសហរដ្ឋអាមេរិក។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានបន្ទប់ចំនួន ២៤៧ បន្ទប់ ភោជនីយដ្ឋានប្រណីត សាលប្រជុំដ៏ទំនើប បន្ទប់ស្ប៉ា ស្កាយបារ៍ ព្រមទាំងសេវាកម្មជាច្រើនទៀត ។ Market Café & Lounge ត្រូវបានរចនាឡើងដោយអនុញ្ញាតឲ្យពន្លឺព្រះអាទិត្យចាំងចូលមកយ៉ាងគ្រប់គ្រាន់និងមានបម្រើអាហារដ៏ឆ្ងាញ់ពិសា ។ The Attic បារ៍ ដែលស្ថិតនៅជាន់ទី ២ នៃវីឡាសម័យអាណានិគមបារាំងក៏ត្រូវបានរចនាយ៉ាងល្អឯកដោយផ្តល់ជូនបរិយាកាសនៃការច្របាច់បញ្ចូលគ្នានៃស្ថាបត្យកម្មសម័យទំនើបនិងសម័យអាណានិគមបារាំង ។ ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែលស្ថិតនៅជាន់ទី ១៤ អាចមើលឃើញទេសភាពដ៏ត្រកាលនៃទន្លេចតុមុខ ។ Metropole Underground គឺជាបារ៍ដែលស្ថិតនៅជាន់ក្រោមដី ។ ក្រៅពីនេះក៏មានអាងហែលទឹកកន្លែងហាត់ប្រាណ ២៤ ម៉ោង និងស្បាលំដាប់ថ្នាក់ពិភពលោក Jivapita ។ លើសពីនេះ ភ្ញៀវទេសចរ ណ៍នឹងទទួលបានបទពិសោធន៍ថ្មីៗតាមរយៈការច្របាច់បញ្ចូលនៃស្ថាបត្យកម្មចម្រុះដែលមានតម្លៃជាបេតិកភណ្ឌ។សណ្ឋាគា ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានអភិរក្សវីទ្បាសម័យ អាណានិគមបារាំងដោយបានកែលម្អឲ្យមានភាពរឹងមាំដោយរក្សាទម្រង់និងរចនាបថដើមទាំងស្រុងដែលនេះគឺជាផ្នែកមួយនៃការរក្សាអត្តសញ្ញាណក្នុងតំបន់ ។
រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម SCDA Architects មានមូលដ្ឋាននៅប្រទេសសិង្ហបូរី ដែលជាក្រុមហ៊ុនមួយធ្លាប់ឈ្នះរង្វាន់ជ័យលាភី ។សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម និងវប្បធម៌នៃទីក្រុងភ្នំពេញនៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈសាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាមនិងទន្លេចតុមុខ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ ៕