នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលសវនាការបន្ត

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការបន្ត។

តាមដីកាចេញដោយ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សវនាការបន្តខាងមុខនេះ គឺពាក់ព័ន្ធទៅនឹងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។ លោក កឹម សុខា ត្រូវចូលទៅកាន់សាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០ នាទីព្រឹក។

ដោយឡែកសម្រាប់សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនការនេះវិញ រួមមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ហើយ មានលោកប្លង់សុផលព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។

លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជាតាមប្រទេសយូហ្គោស្លាវីនិងសែប៊ី៕

 

Leave a Reply

Your email address will not be published. Required fields are marked *