ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ធ្វើការសម្អាតមហាវិថីឈ្នះឈ្នះ និងរៀបចំ សណ្តាប់ ធ្នាប់សាធារណៈ បរិស្ថាន ឲ្យបានល្អ ដើម្បីទទួលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្ដេចទាំងទ្វេ នឹងអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
លោក ឃួង ស្រេង បានធ្វើការណែនាំទៅក្រុមហ៊ុនប្រមូល និងដឹកជញ្ជូន សំរាម ធ្វើការបោស កើប ប្រមូល និងដឹកជញ្ជូនសំរាម អោយបានស្អាត ហើយធុងសំរាមមានសភាពចាស់ៗ ក៏ត្រូវតែប្តូរថ្មី ឲ្យបានស្អាត ដើម្បីអោយ សោភ័ណភាព នៅលើ កំណាត់ផ្លូវនេះស្អាតល្អផងដែរ ។
គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំង បញ្ចៀសបាន នូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ចំពោះយានយន្ត គ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់ បញ្ចប់កម្មវិធី៕