កំពត: កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១រថយន្តមួយគ្រឿងបើកបរស្រវឹង ជោគជាំ បានបុកបុរសម្នាក់ បណ្តាលស្លាប់ ក្រោយពេល បញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តកំពត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថាៈ កាលពីវេលាម៉ោង ៩ និង២០នាទី យប់ថ្ងៃទី១២ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវលេខ ៧៣៦ ត្រង់ចំណុចមុខអតីតពន្ធនាគារ។ មុនហេតុការណ៍ កើតឡើង គេឃើញរថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2BD-0114 ធ្វើដំណើរក្នុងទិសដៅពីខាងកើត ទៅខាងលិច។ លុះមកដល់ចំណុច កើតហេតុ រថយន្ត បានបុកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-4543 មកពីទិសខាងលិច។
លោកបានបន្តទៀតថាៈ បុរសដែលបានស្លាប់ មានឈ្មោះ ឌិត ផល្លា អាយុ ៦០ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ អេង វណ្ណា ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ច បានបញ្ជាក់ថាៈ រថយន្តបង្កព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ច ដេញតាមទាន់ រួចឃាត់ខ្លួនអ្នកបើកបរ ដែលពោរពេញដោយ ជាតិស្រវឹង ដើម្បីចាត់ការ តាមនីតិវិធី៕