(VnExpress)៖រដ្ឋមន្ត្រីសុខាភិបាលវៀតណាមបានព្រមានកាលពីថ្ងៃសុក្រទី១០ធ្នូថា ជាមួយនឹងស្ថានការណ៍ជំងឺកូវីដ១៩ស្ថិតក្រោមការអាចគ្រប់គ្រងបាន ករណីឆ្លងក្នុងសហគមន៍និងចំនួនអ្នកជំងឺកូវីដ១៩ស្លាប់កំពុងកើនឡើងនៅកន្លែងជាច្រើន។
លោករដ្ឋមន្ត្រី ង្វៀន ថាញ់ ឡុង បានប្រាប់អង្គប្រជុំមួយកាលពីថ្ងៃ១០ធ្នូថា នៅ៧ថ្ងៃមកនេះវៀតណាមកត់ត្រាឃើញចំនួនឆ្លងថ្មីជាមធ្យម១៤.៤០០នាក់ក្នុងមួយថ្ងៃ ធៀបនឹង១៤.៣០០នាក់កាលពីមួយសប្តាហ៍មុននៅពេលចំនួនស្លាប់ដោយកូវីដ១៩ប្រចាំថ្ងៃជាមធ្យមកើនពី១៨៧នាក់មក២១៨នាក់។ នៅទីក្រុងហូជីមិញ ចំនួនឆ្លងកូវីដ១៩ថ្មីនៅ១៤ថ្ងៃមកនេះកើន១២ភាគរយ ធៀបនឹង១៤ថ្ងៃមុននោះ ហើយទីក្រុងហាណូយកើនខ្លាំងបំផុត ដល់ទៅ១៤៩ភាគរយ។ វៀតណាមកាលពីយប់ថ្ងៃសុក្របានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ១៤. ៨១៩នាក់ ដោយធ្លាក់ចុះ៤៨១នាក់ពីចំនួនឆ្លងកាលពីមួយថ្ងៃមុន ហើយរុញចំនួនឆ្លងសរុបក្នុងរលកទី៤នេះកើនដល់១.៣៧៦.០១៧នាក់។មានទីតាំង៣មានការឆ្លងច្រើនជាងគេ គឺក្រុងហូជីមិញ (១.២២៦នាក់) ខេត្តសុក ត្រាង ភាគខាងត្បូង(៨៩៤នាក់) និងខេត្តតៃនិញជាប់កម្ពុជា មានអ្នកឆ្លង៨៩៣នាក់។ អ្នកជំងឺកូវីដ២១៦នាក់ទៀតបានស្លាប់កាលពីថ្ងៃសុក្រ នាំអោយវៀតណាមមានអ្នកស្លាប់ដោយកូវីដ១៩ឡើងដល់២៧.៤០២។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ជាង៧៤,៦លាននាក់បានចាក់វ៉ាក់សាំងយ៉ាងតិចម្នាក់មួយដូស និងជាង៥៦,៤លាននាក់ចាក់បាន២ដូស៕