បាត់ដំបង: នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី នគរបាលមូលដ្ឋានស្រុកសំឡូត បានប្រាប់អោយដឹងថា បុរសម្នាក់ដែលបានលាក់ទុកអាវុធ ហើយបានយកមកបាញ់បោះសេរី ឡើងលើ ចំនួន ២១ គ្រាប់ ក្នុងគ្រាមានទំនាស់ នៅមុខផ្ទះកន្លែងផឹកស៊ី រួចបានរត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់នោះ បាន ចេញមកសារភាព ទទួលទោស តាមផ្លូវច្បាប់។
បុរសដែលបាញ់បោះសេរីនោះ មានឈ្មោះ សុខ គង់ អាយុ ៥៤ ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ ដោយសារឋិត ក្នុងសភាពស្រវឹងជោកជំ បាត់បង់ការគ្រប់គ្រង ក៏បានទាញកាំភ្លើង ប្រភេទ AK ៥៩ បាញ់ ជាង ២០ គ្រាប់ ឡើងលើ ហើយក៏ភ័យខ្លួន បានគេចទៅសម្ងំ នៅក្នុងព្រៃក្បែរភូមិ កន្លែងកើតហេតុ ខាងលើតែម្តង។
សមត្ថកិច្ចដដែល បានបញ្ជាក់បន្ថែមថាៈ សំណុំរឿង ប្រើប្រាស់អាវុធខុសច្បាប់ ក្នុងមូលដ្ឋាននេះ កម្លាំងផ្នែកជំនាញ គ្រោងនឹងបញ្ជួនជនបង្ក រួមទាំងវត្ថុតាង ទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ដើម្បីអនុវត្ត តាមនីតិវិធី៕