ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ច័ន្ទមុន្នី បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី ទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គ ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងធ្វើការរំកិលដង្ហែ តាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើពិធីបូជារំលាយព្រះសព តាមបែបសាសនា និងប្រពៃណី រាជវង្សានុវង្ស។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត នៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះ រោគាពាធ ។ ព្រះសពសម្តេចក្រុមព្រះ បានយាងដង្ហែ តាមយន្តហោះពិសេស ពីប្រទេសបារាំង មកដល់កម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនាកោដិ និងអ្នកម្នាង ផាត់ កាញ៉ុល៕