ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា បានដឹកនាំក្រុមការអន្តរក្រសួង ចុះពិនិត្យមើលស្ថានភាព នៃការកាន់កាប់ដីរដ្ឋនៅទីតាំងបង្គោលព្រំប្រទល់ដីតំបន់២ និងដីតំបន់៣នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការអន្តរក្រសួង ចុះពិនិត្យមើលស្ថានភាព នៃការកាន់កាប់ដីរដ្ឋនៅទីតាំងបង្គោលព្រំប្រទល់ដីតំបន់២ និងដីតំបន់៣ ត្រង់ចំណុចបឹងអាញ៉ូត ឃុំតាម៉ឺន ស្រុកថ្មគោល និងទីតាំងដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងចំណុចក្រពើស្គម ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលឈ្មួញខិលខូចបានទន្ទ្រានចូលយកធ្វើ ជាកម្មសិទ្ធិឯកជនរបស់ខ្លួន។

ការចុះពិនិត្យមើលភាពជាក់ស្តែង នៃការកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបភូមិសាស្ត្រស្រុកថ្មគោល និងទីតាំងដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានក្នុងភូមិសាស្រ្ដស្រុកឯកភ្នំនេះ គឺដើម្បីស្រង់ទិន្ន័យឱ្យ បានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំកំពូលពិនិត្យនិងសម្រេចតាមផ្លូវច្បាប់។

សម្តេចបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្រ្ទាននោះមកវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *