សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយលោក មីង អោងឡាំង ដើម្បីឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត ១០០លានដុល្លារ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចអាចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «លទ្ធភាពជាច្រើនខ្ញុំនឹងទៅទស្សនកិច្ចនៅណៃពិដោ ដើម្បីជួបឧត្តមសេនីយ៍ មីង អោងឡាំង ធ្វើការជាមួយគាត់ បើមិនឱ្យ ធ្វើការជាមួយនឹងអ្នកកាន់អំណាច តើយើងទៅធ្វើការជាមួយអ្នកណាពិតប្រាកដ ចង់ផ្តល់ជំនួយឫចង់ធ្វើការជាមួយរដ្ឋបាលស្អីៗ គេគ្រប់គ្រងប្រទេស យើងមិនប្រៀប ធៀបអ្នកកាន់អំណាចនៅណៃពិដោ ប្រធានរដ្ឋបាលនៅណៃពិដោ គឺឯកឧត្តម មីង អោងឡាំង ដូចទៅនឹងអាហ្គានីស្ថាន តាលីបង់ទេ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធក្នុងការចូលរួមប្រជុំ ប្រជុំរដ្ឋមន្ត្រីការពារជាតិក៏ប្រជុំ រដ្ឋមន្ត្រីទាំងអស់ តែចំឡែកត្រង់ថារដ្ឋមន្ត្រីការបរទេសគេមិនឱ្យចូល វាពិបាកអាកន្លែងនឹង ចឹងមើលទុកឱ្យ ហ៊ុន សែន ធ្វើម្តង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង គឺមិននិយាយអ្វីក្រៅឆ្ងាយពីអ្វីដែលជាគោលការណ៍ រួមរបស់អាស៊ាននោះទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ គឺមិនអាចទៅហួសពីនេះបានទេ ហើយក៏មិនត្រូវយករូបមន្ត អង្គការសហប្រជាជាតិ យកមកដាក់ជារូបមន្តរបស់អាស៊ានគឺមិនត្រឹមត្រូវទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនេះជាពេលវេលាដែលត្រូវពង្រឹងអាស៊ានឡើងវិញពីអាស៊ាន១០ ទៅអាស៊ាន៩ ឥលូវនេះត្រូវទៅអាស៊ាន១០វិញ ពីព្រោះ មីយ៉ាន់ម៉ា មិនបានប្រកាសផ្តាច់ខ្លួនចេញពីអាស៊ាននោះទេ ហើយក្នុងធម្មនុញ្ញអាស៊ាន ក៏មិនមានអ្នកណាមានសិទ្ធដេញសមាជិកចេញនោះទេ។ កម្ពុជាសមាជិកថ្មីរបស់អាស៊ាន ប៉ុន្តែសមាជិកចាស់មិនប្រាកដចាស់ទេ ដោយសារមានមេដឹកនាំថ្មី ដោយឡែកសមាជិកថ្មី មិនប្រាកដថាថ្មីទេ ដោយសារមេដឹកនាំចាស់ សូម្បីតែព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានទទួលស្គាល់ថា ក្រៅពីព្រះអង្គ មានតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលចាស់ទុំ នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *