ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីគណបក្ស ធ្វើពិធីសាសនា រាប់បាត្រប្រគេនដល់ព្រះសង្ឈ ដើម្បីឧទ្ទិសកុសលផលបុណ្យថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅស្នាក់ការកណ្តាលរបស់គណបក្សហ៊្វុនស៊ិនប៉ិច រាជធានីភ្នំពេញ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ខាងមុខនេះ តាមយន្តហោះពិសេសពីប្រទេសបារាំង ហើយព្រះសពព្រះអង្គនឹងតម្កល់ធ្វើបុណ្យតាមបែបសាសនានៅអតីតព្រះតំណាក់ព្រះអង្គ នៅផ្លូវព្រះសម្តេចប៉ាន់ខាងក្រោយព្រះបរមរាជវាំង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទាក់ទងនិងការទ្រង់សោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ប្រកាសកាន់ទុក្ខចំពោះព្រះសពរបស់ព្រះអង្គ ដោយកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ដដែលនេះ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជននៅទូទាំងប្រទេស ត្រូវមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិនិងផ្អាកការសម្តែងនិងចាក់ផ្សាយទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរ៕