កណ្តាល៖ នៅសៀល ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិតារាប ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ១០ នាក់ ករណីផ្តល់ទីតាំង ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន។
សមត្ថកិច្ចនគរបាលជំនាញ ខេត្តកណ្ដាល បានឱ្យដឹងថាៈ ជនសង្ស័យ មានគ្នាចំនួន ១០ នាក់ (ប្រុស៩នាក់ ស្រី១នាក់) រួមមានៈ ១.ឈ្មោះ ពង្ស សុភារៈ (ម្ចាស់ផ្ទះ), ២.ឈ្មោះ ឆេង ណារ៉ាក់ , ៣.ឈ្មោះ ពាង ធារ៉ា (ហៅជ័រ) ជនសង្ស័យ ៣ នាក់នេះ មានលំនៅ នៅភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល , ៤.ឈ្មោះ សឿន ចិន្តា (ហៅ ចិន), ៥.ឈ្មោះ ទុំ បូរ៉ា (ហៅ ទក) ជនសង្ស័យ ២នាក់នេះ មានលំនៅ នៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល , ៦. ឈ្មោះ ម៉ឺន គឹមសៀង មានលំនៅ នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល , ៧.ឈ្មោះ គង់ ដារីម មានលំនៅ នៅភូមិកំរៀង សង្កាត់កន្ទោក ខ័ណ្ឌកំបូល ក្រុងភ្នំពេញ , ៨.ឈ្មោះ ហ៊ីម ចេងហុង មានលំនៅ នៅភូមិ អង្គពពាយ សង្កាត់ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល , ៩.ឈ្មោះ សុង សុខៃ មានលំនៅ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង១០.ឈ្មោះ អ៊ុក ស្រីខួច ភេទស្រី មានលំនៅ នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ ជនសង្ស័យ ទាំង ១០ នាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា និងមានផ្ទុកសារធាតុញៀន ក្នុងខ្លួនទាំងអស់គ្នា លើកលែងតែឈ្មោះ ម៉ឺន គឹមសៀង ម្នាក់ទេដែលគ្មានសារធាតុ ញៀន។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោង ខាងលើ ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថា មានទីតាំងមួយកន្លែង កំពុងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ ថ្នាំញៀន កំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានចុះទៅដល់កន្លែង កើតហេតុ ហើយឃាត់ខ្លួន ជនសង្ស័យ ចំនួន ១០ នាក់ និងបានឆែកឆេររកឃើញ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជា សារធាតុញៀន (ម៉ាទឹកកក) ចំនួន ៩ កញ្ចប់ តូច៨ កញ្ចប់ មធ្យម១ កញ្ចប់ នៅក្រោមគូទ ឈ្មោះ សឿន ចិន្តា (ហៅចិន) និងសំភារៈ ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ ខាងលើ រួមនឹងវត្ថុតាង យកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ស្រុក ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ សឿន ចិន្តា (ហៅចិន) បានឆ្លើយសារភាព ថា ថ្នាំញៀនខាងលើ ពិតជារបស់ខ្លួន ប្រាកដមែន ដែលឈ្មោះ និន ភេទប្រុស (មិនស្គាល់ ត្រកូល និងមិនស្គាល់ទីលំនៅ) បានផ្ញើអោយខ្លួនដើម្បីយកមកចែកចាយ បន្ត។
ក្រោយពីសួរនាំរួច សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់ អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕