ស្ទឹងត្រែង÷ នៅវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៤នាក់ ហេតុការណ៍បានកើតឡើងត្រង់ចំណុចបង្គោលផ្លូវលេខ៤៤ លើផ្លូវជាតិលេខ៧៨ ភូមិសាស្ត្រភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ភាគីគោយន្តកន្ត្រៃបានស្លាប់ចំនួន២នាក់ និងអ្នកជិះក្នុងរថយន្តស្លាប់២ នាក់។ រីឯអ្នកបើករថយន្ដបានគេចខ្លួន។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះដែលជិះគោយន្តជាមនុស្សប្រុសចំនួន ២នាក់មានស្រុកកំណើតនៅខេត្តកំពង់ចាមហើយត្រូវសាច់ញាតិដឹកសពទៅទាំងយប់។ ខាងភាគីរថយន្តស្លាប់០២នាក់ ស្រី១នាក់ និង រងរបួសធ្ងន់១នាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ សពអ្នកគ្រោះថ្នាក់នៅក្នុងរថយន្តនោះមិនទាន់មានសាច់ញាតិយកចេញពីកន្លែងកើតហេតុនៅឡើយទេនៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២១ នេះ៕