ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញតួលេខ ក្នុងរបាយការណ៍ ខ្លីមួយចេញសម្រាប់ខែវិច្ឆិកា ក្នុងឆ្នាំ២០២១នេះ។ ក្នុងរបាយការណ៍សង្ខេបខ្លីនេះ មន្ទីរពេទ្យគន្ធបុប្ផាដែលផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនោះ បានបញ្ជាក់ថា មានកុុមាររហូតដល់ ៣៨៦៥៨នាក់ ត្រូវបានដាក់ឱ្យពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះកុមាររហូតដល់ ៧ ៣៤៩នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
បើតាមអោយដឹងពីមន្ទីរពេទ្យសប្បុរធម៌មួយនេះ កុមារប្រហែល ១០១នាក់ ត្រូវបានរកឃើញមានជំងឺគ្រុនឈាម ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលកុមារចំនួន ១២៩៣នាក់ទៀត ទទួលបានការវះកាត់ ក្នុងនោះមានកុមារ ៥០នាក់ ទទួលបានការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងទាំងនៅភ្នំពេញ និងសៀមរាប។ របាយការណ៍ បានឱ្យដឹងទៀតថា ផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានផ្ដល់សេវាសុខាភិបាលដល់ស្ត្រីមានផ្ទៃពោះចំនួន ៥២២៤នាក់ ក្នុងនោះសម្រាលទារកបាន ១៧០៥នាក់នៅក្នុងរយៈពេល ១ខែវិច្ឆិកានេះ៕