ភ្នំពេញៈ គ្រោះអគ្គិភ័យមួយ បានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ មួយកន្លែង បណ្ដាលឲ្យប្ដីប្រពន្ធ មួយគូរ បានស្លាប់ ។ ហេតុការណ៍ គ្រោះអគ្គិភ័យខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង ១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយ ផ្លូវបេតុង ក្នុងបុរីគឹមសាន្ត ភូមិតាកេរត្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះជាប្តី មានឈ្មោះ សុផល អាយុ៦០ឆ្នាំ មុខរបរ មន្ត្រីរាជការ រីឯប្រពន្ធមានឈ្មោះ សុខ ខុម អាយុ៥០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះ កើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្ដាត ភ្លើងឆេះ ចេញពីក្នុងផ្ទះលាយឡំនឹងផ្សែងហុយខ្មួលខ្មាញ់ និងឮសំឡេង ម្ចាស់ផ្ទះ ស្រែកឲ្យគេជួយ ភ្លាមនោះ ប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតនោះ បាននាំគ្នាយក បំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ តែមិនរលត់ ក៏បានរាយការណ៍ ទៅសមត្ថកិច្ច ឲ្យចេញរថយន្ត មកជួយពន្លត់ និងជួយសង្គ្រោះម្ចាស់ផ្ទះ ពីរនាក់ ប្ដីប្រពន្ធ យកទៅ សង្គ្រោះ នៅឯមន្ទីរពេទ្យ តែអកុសល ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់បាត់ទៅហើយ។
បើតាមសមត្ថកិច្ច បានដឹងថា គ្រោះអគ្គិភ័យនេះ ផ្ដើមពីការឆ្លងចរន្តអគ្គិសនី ។ ទ្រព្យសម្បត្តិ មួយចំនួន ត្រូវអគ្គិភ័យ ឆេះទាំងស្រុង។ សពជនរងគ្រោះ នៅឯមន្ទីរពេទ្យ រង់ចាំសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ មុននឹងប្រគល់ឲ្យក្រុមគ្រួសារ៕