ភ្នំពេញៈ កាលពី វេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ បុរសម្នាក់ បានស្លាប់ និងនារីម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីបើកម៉ូតូ ទៅបុកខឿនថ្ម សួនច្បារចែកទ្រូងផ្លូវ តាមបណ្តោយផ្លូវ ទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ទាំងពីរ ជិះម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FM.8149 ។ បុរសដែលស្លាប់ ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលតាម អនឡាញ ស្នាក់នៅក្នុងបុរីពិភពថ្មី ចំការដូង មានស្រុកកំណើតនៅ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស្ត្រីដែលជិះពីក្រោយ មិនត្រូវបានស្គាល់ អត្តសញ្ញាណ នោះទេ។ ដោយរងរបួសស្រាល ក៏បានចាកចេញពីកន្លែងកើតហេតុបាត់ទៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសរងគ្រោះ ខាងលើ ជិះម៉ូតូឌុបស្ត្រីម្នាក់ តាមបណ្ដោយផ្លូវទួលពង្រ ក្នុងទិសដៅពីខាងត្បូង មកខាងជើង ហើយក៏បត់ត្រឡប់ក្រោយវិញ ខណៈពេលនោះ ឃើញគាត់លូកយកទូរស័ព្ទ មិនបានប្រុងប្រយ័ត្ន ក៏បាន រេចង្កូតមកឆ្វេងដៃ ទៅបុកនឹងខឿនថ្ម បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែងកើតហេតុ ដោយសារតែគាត់ មិនពាក់មួកសុវត្ថិភាព ។
សូមជម្រាបថា សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានមកយកម៉ូតូ ទៅរក្សាទុក ចំណែកសព សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យផងដែរ៕