ភ្នំពេញ៖ នៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចមុខដេប៉ូស្តុកខ្សាច់ និងការដ្ឋានចាក់ខ្សាច់ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម មានគ្រោះថ្នាក់ចរាចរណ៍ ២ ករណី កើតឡើង បណ្ដាលឲ្យមនុស្ស ៤ នាក់ រងរបួសធ្ងន់ និងស្រាល ។
ករណីទី១ បានកើតឡេីង នៅវេលាម៉ោង ០៣:៤០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ វិច្ឆិកា នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខដេប៉ូ ស្តុកខ្សាច់មួយកន្លែង ខាងជើង មជ្ឈមណ្ឌលម៉ូឌែន២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយស្ត្រីជាអ្នកលក់បន្លែ ម្នាក់ បើកម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-0267 ដឹកបន្លែពី ខេត្តកណ្ដាល បំណងយកទៅលក់ នៅផ្សារបឹងត្របែក។
ខណៈពេលធ្វើដំណើរ តាមផ្លូវជាតិលេខ២ បានរអិលដួល នៅមុខដេប៉ូស្តុកខ្សាច់ សំណាងល្អ ដែលស្ត្រីរងគ្រោះ ពាក់មួក សុវត្ថិភាព ការពារក្បាល បានត្រឹមត្រូវ ទើបមិនបណ្ដាលឲ្យរងរបួសធ្ងន់ គ្រាន់តែរបួស ម្រាមដៃ និងក្បាលជង្គង់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នោះ ទៅជួយលើកម៉ូតូ និងបន្លែរបស់ស្ត្រីរងគ្រោះ ។
ករណីទី២. កើតឡេីងកាលពីវេលាម៉ោង ០៤:២០ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ វិច្ឆិកា នេះ នៅចំណុចការដ្ឋានចាក់ខ្សាច់ ក្រោយផ្សារក្រមួន ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត ដោយកង់បី ឥណ្ឌាមួយគ្រឿង ពណ៌សលាយបៃតង ពាក់ស្លាកលេខ កណ្ដាល 1AF-0834 បើកបរដោយ បុរសវ័យកណ្ដាលម្នាក់ ដែលដឹកបុរស ២ នាក់ទៀត ដែលជាភ្ញៀវ ពីម្តុំបឹងត្របែក ទៅម្ដុំ ការដ្ឋានផ្សារទំនើប AEON-3 ដោយធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយ អាបុលឈូសខ្សាច់មួយគ្រឿង ពណ៌លឿង ដែលកំពុងបើកឈូសខ្សាច់ សម្អាតនៅចំណុចមុខការដ្ឋានចាក់ខ្សាច់ ទិសដៅ ពីខាងជើង ទៅខាងត្បូង បណ្តាលឲ្យអ្នកបើកបរកង់បី រងរបួសធ្ងន់បែកឈាមពេញមុខ។ ចំណែកបុរស ២ នាក់ទៀត ជាភ្ញៀវរួមដំណើរខាងក្រោយ បានរងរបួសស្រាល រលាត់ដៃ រលាត់ជើង បានទំនាក់ទំនងបងស្រី ជិះម៉ូតូមកដឹក ទៅលាងរបួស ដោយខ្លួនឯង៕