ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង១មេធំទៀត បណ្តាលអោយទឹកនៅកសិណប្រាសាទបន្ទាយឆ្មារ ហៀរចេញ មកក្រៅ បណ្តាលអោយលិចធ្លាសាលា ឯមណ្ឌលការ៉េពីរ(២២២២) លិចលើកទី៤។ ឯជើងភ្នំដងរ៉ែក ទឹកស្រក។
លោកម៉ៅ ស៊ុ ប្រធានសហកមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារអោយដឹងនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ថា៖ ក្រោយភ្លៀងមួយមេធំពីល្ងាចដល់យប់ថ្ងៃទី១៣ខែកញ្ញា ស្ថានភាពទឹកនៅកសិណប្រាសាទបន្ទាយឆ្មារពេញប្រៀបហើយខ្ជាក់ចេញ ដោយហូរកាត់ពីថ្នល់នៅចំណុចខ្លះ។
លោកបានបន្តថា ប៉ុន្តែ រីឯខាងអាងជើងគ្រុស វិញ (រមណីយដ្ឋានទេសចរណ៍ពាក់កណ្តាលធម្មជាតិ) ដែលទទួលទឹកស្រុងចុះពីខ្ពង់រាបនិងជើងជួរភ្នំដងរែក ទោះបីជាទឹកហក់ឡើង ក៏ទឹកនៅមិនទាន់ហូរលើខ្នងប្រឡាយនិងផ្លូវនៅជិតនោះដែរ ។
ចំណែកលោកយង់ យឺន អភិបាលរងស្រុកថ្នពួកបាអោយដឹងថ្ងៃដដែលថា៖ ភ្លៀង១មេដូចបាក់មេឃមួយមេពីរយប់មិញ បានបង្កលិចទីធ្លាមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាថ្មពួកនិងលិចចូលក្នុងអគារ២ខ្នង តែសំណាងល្អបានពលករចេញអស់ភាគច្រើន នៅសល់តិចតួច។ ទោះយ៉ាងណា ក្រុមការងារក៏ត្រូវតែជម្លៀសបងប្អូនមកឱ្យនៅអគារដែលមិនលិចទឹកដែរ។
ចំណែកលោកវរសេនីយ៍ម៉ក់ សុង អតីតមេបញ្ជាការផ្នែកសឹករងស្រុកថ្មពួក បច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យឬគេនិយមហៅថាដីការ៉េពីរ.(២.២២២ហិចតា) តំបន់៣ស្រុក នាភូមិកូនខ្លែងឃុំប៉ោយប៉ោយចារស្រុកភ្នំស្រុកបានអោយដឹងនាថ្ងៃដដែលថា ៖ នារដូវវស្សានេះ មណ្ឌលនេះ បានរងគ្រោះដោយជំនន់ទឹកភ្លៀងលិចអស់៤លើមកហើយ។ គឺលិចចំណុចផ្លូវខ្លះ តែទីធ្លាផ្ទះ សាលា ប៉ុស្តិ៍សុខភាពនិងចម្ការច្បារដំណាំ គឺលិចទាំងអស់។
ហេតុអតីតយុទ្ធជនស្នើសុំថ្នាក់លើនិងអ្នកជំនាញជួយសិក្សានិងដោះស្រាយបញ្ហានេះផង។
ចំណែកលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមាជ័យនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួកអោយដឹងដែរថា ៖ តាំងពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មកបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំណុចជើងភ្នំដងរ៉ែក ឃុំបន្ទាយឆ្មារ ចំណុចឣូរកំបុត ឃុំគោករមៀត និងចំណុចឣាងទឹកតាឆាយ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពោលគឺបន្ទាប់ពីស្ថានភាពទឹកបានហក់ឡើងខ្លាំងនៅ២-៣ថ្ងៃមកនេះ។
លោកអោយដឹងថា ៖ ឥឡូវនេះ ទឹកបានស្រក់ចុះជាបណ្តើរៗនៅប៉ែកខាងលើដោយសារពុំមានភ្លៀងថ្មី។ ប៉ុន្តែទឹកបានស្រុងមកខាងក្រោមនៅឃុំថ្មពួក ស្រុកថ្មពួក។ ក្នុងនោះស្ថានភាពទឹកកំពុងហូរជន់ហៀរខ្ជាក់ពីពោះស្ទឹងបណ្តាលឲលិចផ្លូវ២កន្លែង និហូរច្រោះដីគល់ស្ពានបាឡេ ចាស់មួយនៅលើផ្លូវស្រែភ្ជាប់ពីថ្មពួកទៅភ្នំព្រះ។
ប៉ុន្តែក្រុមការងារបានប្រើការ៉ុងច្រកដីទប់ និងប្រើ Escavotor កាយទប់ទឹកឣាចគ្រប់គ្រងស្ថានការបានដោយមិនមានគ្រោះថ្នាក់មនុស្ស សត្វ ផលដំណាំ និងបង្កការខូចខាតធំដុំនោះទេ៕