ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ខ្លាំងពីយប់ បង្កជំនន់ផ្លេកបន្ទោរនៅអូរព្រំដែនកម្ពុជា ថៃ។ ក្នុងពេលដំបូងៗ ជំនន់បានបង្កលិចលង់នៅតំបន់ទំនាបជាប់អូរព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រឃំបឹងបេងនិងឃុំម៉ាឡៃ ក្នុងនោះ ចំពោះពលរដ្ឋ នៅឃុំបឹងបេងប៉ះពាល់ប្រមាណ៥០គ្រួសារ/ខ្នងផ្ទះ។ឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ៦០គ្រួសារ /ខ្នងផ្ទះ។ នេះមិនរាប់បញ្ចូលការប៉ះពាល់ដល់បន្ទាយ បញ្ជាការដ្ឋាននៃកងកម្លាំងទ្រោលការងារពលករនាព្រំដែននៃកងពលលេខ៥១,យោធាខេត្តនិងស្រុក នគរបាលការពារព្រំដែនវរលេខ៨១៥និងនគរបាលប៉ុស្តិ៍រដ្ឋបាល,ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផងទេ។ នេះបើតាមលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃប្រាប់នៅល្ងាចថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១។
លោកបន្តថា ៖ ជំនន់ទឹកភ្លៀងនេះ ក៏ស្រកចុះបណ្តើរៗ ហើយស្រុងចុះទៅតាមអូរព្រំដែននៃភូមិសាស្ត្រឃំអូរសំព័រ អូរស្រឡៅនិងទួលពង្រ។
លោកស្វាយ ជា ក្នុងពេលដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការ សង្ក្រោះគ្រោះធ្មជាតិនេះ បានបញ្ជាក់ថា មកទល់ពេលនេះ មិនមានពលរដ្ឋឬកងកម្លាំងណារងគ្រោះដោយលង់ទឹកឡើយ។ ឯទំហំខូចខាត ក៏មិនទាន់បាយតម្លៃបានដែរ គឺទាល់តែរងចាំពិនិត្យ២ទៅ៣ថ្ងៃទៀត។ ទោះយ៉ាងណា ទឹកបានស្រក ហើយក៏មិនមានភ្លៀងធ្លាក់ខ្លាំងជាបន្តដែរ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី៣១ខែសីហា មានភ្លៀងបាក់មេឃនៅភូមិសាស្ត្រស្រុកនិងនៅខាងទឹកដីថៃ។ ទឹកមួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីកងកម្លាំងត្រូវមានមានការប្រុងប្រយ័ត្នខ្ពស់៕