ភ្នំពេញ ៖ ប្រជាពលរដ្ឋទូទៅតែងតែទទួលស្គាល់ហើយថា សាច់ជ្រូកជាម្ហូបអាហារដែលបងប្អូនប្រជាពលរដ្ឋ ទិញសម្រាប់ធ្វើម្ហូបទទួលទានរាល់ថ្ងៃ ហើយអ្នកខ្លះ ក៏អាចទទួលទានជាប្រចាំផងដែរ ប៉ុន្តែទោះស្ថិតក្នុងសម័យកូវីដ-១៩ ក៏ដោយ ចំពោះអាជីវករលក់សាច់ជ្រូកនៅតាមផ្សារមួយចំនួន ក៏បានលើកឡើងដែរថា ទោះនៅក្នុងបរិបទកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងប្រទេសក៏ដោយ តែសំរាប់តំលៃសាច់ជ្រូកវិញ ក៏នៅតែលក់ក្នុងតំលៃថ្លៃដដែល ទោះមុនពេលមានជំងឺកូវីដ-១៩ មិនមានការឆ្លងរីករាលដាល និងកំពុងតែរីករាលដាលក៏ដោយ ហើយចំពោះតម្រូវការសាច់ជ្រូក របស់អតិថិជន ក៏មានការធ្លាក់ចុះ នោះក៏ព្រោះតែតំលៃនេះតែម្តង។
អាជីវករមួយរូបនៅផ្សារឌុយម៉ិច បានអោយដឹងថា សព្វថ្ងៃនេះពិតជាពិបាកក្នុងការលក់ដូរណាស់ ប្រជាពលរដ្ឋ កំពុងតែជួបវិបត្តនៃជំងឺកូវីដផង រីឯតំលៃសាច់ជ្រូក ហាក់នៅត្រឹង បើធៀបនឹងតម្លៃពីមុន ដោយក្នុងមួយគីឡូក្រោមឡើងដល់ចន្លោះ២៥.០០០រៀល ផ្សារខ្លះឡើងដល់២៨.០០០រៀល និងផ្សារខ្លះទៀតឈានដល់តម្លៃ៣០.០០០រៀល ខណៈតម្លៃពីមុនមានចន្លោះ១៨.០០០រៀល, ២០.០០០រៀល ឬ ២៣.០០០រៀលតែប៉ុណ្ណោះ។
អាជីវករខាងលើបន្តថា អ្នកមានលុយគេមិនហូបសាច់ជ្រូកទេ គឺគេសុខចិត្តចំណាយលុយទៅទិញសាច់គោហើយ ព្រោះតំលៃខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ការលក់ដូរក៏ខុសពីមុនថែមទៀត ដោយពីមុនអាចលក់បានសាច់ចន្លោះ ពី៨០គីឡូក្រាម ទៅ១០០គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ន លក់បានត្រឹមតែ២០គីឡូក្រាម ទៅ៤០គីឡូក្រាមទេ។ បើការលក់ដូរកាន់តែធ្លាក់ចុះ ហើយតំលៃសាច់ជ្រូកនៅតែ មានតំលៃនោះ ធ្វើអោយជីវភាព ក៏មិនអាចទៅមុខដែរ។
អាជីវករលក់សាច់ជ្រូកនៅតូបលេខ G1-31 នៅក្នុងផ្សារធំថ្មី ឈ្មោះ គឺម ហេង បានឲ្យដឹងថា ការលក់ដូរសាច់ជ្រូករបស់គាត់កាលពីមិនទាន់មានជំងឺកូវីដ-១៩ ចូលមកដល់ប្រទេសកម្ពុជាយើង គឺគាត់លក់បានក្នុងមួយថ្ងៃជាង១០០គីឡូក្រាម ហើយមកដល់ពេលបច្ចុប្បន្នគឺការលក់ដូរសាច់ជ្រូកមានការធ្លាក់ចុះមកនៅត្រឹមជាង៣០គីឡូក្រាម ក្នុងមួយថ្ងៃ ជួនកាលលក់អត់អស់ទៀតនិយាយជារួមគឺស្ងាត់អតិថិជនតែម្តង។
ចំណែកអាជីវករឈ្មោះ ឆាំ ចាន់ណារី លក់សាច់ជ្រូកនៅតូបលេខ៣៦G1 នៅក្នុងផ្សារធំថ្មី បានលើកឡើងដែរថា តាំងពីមុនសម័យជំងឺកូវីដ-១៩ មិនទាន់ចូលមកដល់ប្រទេសកម្ពុជាយើង និងពេលបច្ចុប្បន្ន គឺការលក់ដូររបស់គាត់មានការថយចុះច្រើន មុនពេលមានជំងឺចូលដល់ គឺលក់សាច់ជ្រូកក្នុងមួយថ្ងៃ អស់១០០គីឡូជាង តែឥឡូវលក់មួយថ្ងៃមួយត្រឹម១០០គីឡូក្រាមចុះក្រោម គឺតឹងវាពិបាកលក់តែម្តង។
អ្នកស្រី ឆាំ ចាន់ណារីបន្តថា ចំពោះសាច់ជ្រូកនេះគឺគាត់ទៅទិញពីកុងស៊ីនៅគីម៉ែត្រលេខ៧ ហើយចំពោះតំលៃលក់សាច់ជ្រូកគឺនៅតែថ្លៃដដែល។
ចំណែកអាជីវករម្នាក់ទៀត ឈ្មោះ ដេង គាន ជាអាជីវករលក់សាច់ជ្រូកនៅក្នុងផ្សារធំថ្មី បានឲ្យដឹងដែរថា ការលក់សាច់ជ្រូករបស់គាត់មានការថយចុះ ដោយសារតែបញ្ហាជំងឺកូវី-១៩ កាលពីមិនទាន់មានជំងឺកូវីដ-១៩ ចូលមកដល់ប្រទេសកម្ពុជាយើង គឺគាត់លក់បានក្នុងមួយថ្ងៃ១០០គីឡូក្រាមជាងជិត២០០គីឡូក្រាម តែឥឡូវការលក់សាច់ជ្រូករបស់គាត់មានការថយចុះក្នុងមួយថ្ងៃបានតែជាង៥០គីឡូក្រាមប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលជាអ្នកទទួលទានសាច់ជ្រូក បានអោយដឹងថា ដោយសារតែសាច់ជ្រូកនៅតែមានតំលៃថ្លៃដដែល ដូច្នេះការចំណាយទៅលើម្ហូបអាហារ ក៏ត្រូវតែរឹតត្បឹតដែរ ដោយពីមុនយើងអាចទិញសាច់ជ្រូកមួយគីឡូ យកទៅធ្វើម្ហូប ប៉ុន្តែពេលនេះ បើយើងទិញមួយគីឡូ មិនបានទេ គឺត្រូវតែចេះលៃលក គឺពេលខ្លះទិញត្រឹមតែកន្លះគីឡូទេ ព្រោះយើងត្រូវចំណាយ ទៅលើបន្លែបង្កាផ្សេងទៀត។
ទាំងអាជីវករ ទាំងប្រជាពលរដ្ឋដែលជាអ្នកទទួលទាន ហាក់នៅមានចម្ងល់ថា ហេតុអ្វីក៏តំលៃសាច់ជ្រូកនៅលើទីផ្សារនៅតែមានតំលៃថ្លៃដដែល ដោយពួកគាត់ សូមអោយមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយពិនិត្យ មើលផង៕
2j9zqj
qu18mv
wq8d1a
o7k4tr
8dhwhg