ខេត្តបន្ទាយមានជ័យ ៖ បុរសឪពុកល្មោភកាមម្នាក់បានចាប់បង្ខំរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំបានសម្រេចដល់ទៅ៨ដង ហើយបានគម្រាមសម្លាប់កូនចោល ប្រសិនបើធ្វើអោយរឿងនេះបែកការណ៍ ដឹងដល់ម្តាយ និងអ្នកដទៃ។
រឿងរាវសោកសៅនេះកើតឡើងដំបូងនៅវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងមក និងចុងក្រោយនៅថ្ងៃចាប់ខ្លួនកាលពី២០ខែសីហា ទើបបែកការណ៍ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖បុរសជនល្មើសជាឪពុកល្មោភកាមនោះមានឈ្មោះ ឈុន រី ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ។
ក្រោយពេលបែកការណ៍រំលោភផ្ទួនៗបានដល់ទៅ៨ដង ទើបម្តាយក្មេងស្រី ដែលជាប្រពន្ធរបស់ជនល្មើសបានប្តឹង ហើយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឲ្យចាប់ឃាត់ខ្លួននៅថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។
ស្រីជាម្តាយបានអោយដឹងថា ៖ ខ្លួននិងយាយវាមិននៅផ្ទះ ដោយបានទៅលេងផ្ទះបងប្អូនរយៈពេលយូរដែរ។ ខណៈនោះឪពុកនិងកូនស្រីរងគ្រោះនៅផ្ទះតែ២នាក់។ នៅពេលយប់មួយ ពេលកូនស្រីកំពុងដេកលង់លក់ ឪពុកបានទៅចាប់បិទមាត់និងគំរាមកុំអោយស្រែក បើស្រែក ឬ លបទៅប្រាប់ម្តាយ គេសម្លាប់ចោល ដោយបានរំលោភកូនស្រី។ តមកក៏បានបង្ខំរំលោភបន្តបន្ទាប់ទៀត ។
លោកវរសេនីយ៍ឯក សៅ សារឿនបានឲ្យដឹងបន្តទៀតថា៖ ដោយរងការឈឺចាប់និងភ័យខ្លាចពីការចាប់រំលោភនិងការគម្រាមសម្លាប់ ហើយទ្រាំមិនបាន កូនស្រីក៏បានប្រាប់ម្តាយ។
ម្តាយបានប្តឹងទៅនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តនិងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ហើយសមត្ថកិច្ចក៏បានស្នើសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនតែម្តង។
ក្រោយពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យក៏មិនព្រមសារភាព ដដែល ប៉ុន្តែយោងអង្គហេតុនិងស្ថានទម្ងន់រឿង ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានបណ្តឹងពីកូននិងម្តាយ និងការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការចេញដីកាឃុំខ្លួន។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះឈុន រី នេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំមកហើយ ពីបទរំលោភលើក្មេងស្រីជាអនីតិជន។ ហើយទើបចេញពីពន្ធនាគារបានរយៈពេល១ឆ្នាំ ក៏មករំលោភកូនស្រីបង្កើតទៀត៕