ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធ បានបញ្ជាក់ថា “មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប”។
លោកហ៊ុន ម៉ានី បានបន្តថា កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនCoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។
លោកបន្តថា ក្នុងនាមក្រុមគ្រួសាររបស់ខ្ញុំ និងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយគ្រួសារនៃរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណ តាមរយៈការជួយឧបត្ថម្ភសម្ភារៈខ្លះៗ ដល់បងៗ ពូៗប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញនាពេលនេះ៕