ខេត្តបន្ទាយមានជ័យ ៖ មកទល់ព្រឹកថ្ងៃទី១៨ ខែសីហា ពលរដ្ឋខ្មែរទាំង២នាក់នោះ ត្រូវបានសមត្ថកិច្ចឧទ្យានុរក្សថៃ នៅស្រុកឡាក់ហានសាយ ខេត្តបូរីរម្យ កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើរបស់ខ្លួន ហើយនឹងបន្តទៅដល់ដៃតុលាការ។
នេះបើយោងសមត្ថកិច្ចកងកម្លាំងការពារព្រំដែនកម្ពុជានៅស្រុកថ្មពួកប្រាប់កាលពីព្រឹកថ្ងៃទី១៨ខែសីហា ។
យោងនគរបាលការពារព្រំដែនវរសេនាតូចលេខ៨០៧ ថ្មពួកបានអោយដឹងថា នៅថ្ងៃទី ១៦ខែសីហាឆ្នាំ ២០២១ វេលាម៉ោង១២ អាធ្រាត្រមានប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ត្រូវបានមេព្រៃថៃ(ឧទ្យានុរក្សថៃ)ចាប់ខ្លួននៅត្រង់ចំណុចខាងជើងបង្គោលសីមា ២៨ ប្រហែល៥០០ម៉ែត្រ។
ពលរដ្ឋ២នាក់ មាន ឈ្មោះ លឿន សែន អាយុ៣៣ឆ្នាំ រស់នៅភូមិដងរ៉ែកឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង ឈ្មោះពា ពាន់ អាយុ៤១ឆ្នាំ រស់នៅភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មូលហេតុនៃការចាប់ខ្លួនឡើងកាប់ឈើនៅទឹកដីថៃ (ឧទ្យានជាតិព្រះមហាក្សត្រថៃ) នៅជួរភ្នំដងរែក ក្នុងភូមិសាស្ត្រ ស្រុកឡាក់ហាមសាយ ខេត្តបូរីរម្យ ទល់មុខស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕