មិនតិចទេ! សាច់ជ្រូក និងសាច់មាន់ ប្រមាណ១០តោន ដែលលួចនាំចូលពីប្រទេសថៃ មកកម្ពុជា តាមច្រកត្រង់ប៉ោយប៉ែត ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបបាន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចពេទ្យសត្វក្រសួងនិងខេត្តបន្ទាយមានជ័យ បានបំបែកសំណុំរឿងមួយទៀត ដែលសង្ស័យសមត្ថកិច្ចនានា នៅច្រកទ្វារព្រំដែនអន្តវជាតិប៉ោយប៉ែត និងឈ្មួញឃុបឃឹតគ្នា លួចនាំចូលប្រទេសកម្ពុជានូវកញ្ចប់សាច់ជ្រូកនិង សាច់មាន់ រកឃើញប្រមាណ១០តោន។

ការឆ្មក់បង្ក្រាបនេះធ្វើឡើងនៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រី១កន្លែង ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ ទំនិញម្ហូបអាហារវេចខ្ចប់ដាក់ក្នុងធុងស្នោទម្ងន់ប្រមាណ១០តោន បង្កប់ក្នុងរថយន្តធំ ដែលដឹកផលិតផល ជលផលនោះ រួមមាន៖ សាច់ជ្រូកដែលកាប់រួចជាស្រេច មានជើង គ្រឿងក្នុង សាច់ ក្បាល និងសាច់មាន់។

លោកបន្តថា ៖ ទំនិញសាច់ជ្រូក សាច់មាន់ទាំងនេះ ពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋានផលិតកម្មនិងសុខភាពសត្វឡើយ។ ហើយការដឹកជញ្ជូន ក៏មិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងខុសលក្ខណៈបច្ចេកទេសនៃការវេចខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះដែលនាំខូចគុណភាព អនាម័យផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចពេទ្យសត្វខេត្តនិងអគ្គនាយកដ្ឋានផលិតកម្មសត្វនៃក្រសួងកសិកម្មបានឆ្មក់ចាប់នូវសាច់ និងគ្រឿងក្នុងសត្វជ្រូកបានជាង២តោន រួចហើយនៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *