ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា ៖ តាមការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្រី្តការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្រ្តី ការបរទេស អាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេស សហរដ្ឋអាមេរិក រំពឹងថានឹង ពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹង ទំនាក់ទំនង និងកិច្ច សហ ប្រតិបត្តិការ អាស៊ាន -សហរដ្ឋ អាមេរិក រួមទាំងលើកិច្ចប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមបណ្តាលមកពី ការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក៏អាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។
ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕