ចាប់ពីថ្ងៃទី៧ កក្កដា ដល់ថ្ងៃទី១១កក្កដា កម្ពុជានឹងមានខ្យល់ ភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា ៖ ម៉ោង១យប់ថ្ងៃទី៦ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយ ពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។

ចាប់ពីថ្ងៃទី៧-១៣ ខែកក្កដា ឆ្នាំ២០២១ ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ ជួរភ្នំដងរែក និងភាគឦសានកម្ពុជា។ ទន្ទឹមនឹងនោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ។ ដោយឡែកសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាបរយៈពេលខ្លីមុននឹង ថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី៨ ខែកក្កដា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និងផ្គររន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនោះ ក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តនៅ ក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង។

ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង។

រីឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ សូម ប្រុងប្រយ័ត្នចំពោះ ភ្លៀងខ្យលំខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៧-១០ ខែកក្កដា ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *